កម្ពុជា និងចិន ត្រៀមធ្វើសមយុទ្ធ«នាគមាស» ផ្តោតលើការប្រឆាំងភេរវកម្ម និងជួយសង្គ្រោះ
ធី ចុំ - ២៣ មេសា ២០២៥
image

កម្ពុជា៖ កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធ «នាគមាស» រយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតានៅថ្ងៃទី២១ ខែមេសា។ តាមលោកស្រី ម៉ាលី សុជាតា សមយុទ្ធនេះនឹងគ្របដណ្តប់លើប្រតិបត្តិការប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌។ 

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ខាងមុខ កងទ័ពកម្ពុជា និងចិននឹងធ្វើលំហាត់យោធា «នាគមាស» ជាថ្មីម្តងទៀត ក្រោមប្រធានបទ «ប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ លំហាត់យោធានេះនឹងធ្វើឡើងទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ។ នេះបើតាមមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា។ សមយុទ្ធយោធាលើកទី៧ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាមានិតចិន នឹងប្រព្រឹត្តទៅនៅមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ។

អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា ប្រាប់ឲ្យដឹងថា ការធ្វើសមយុទ្ធនាគមាស គឺជាអាទិភាពដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការពារជាតិរវាងកម្ពុជា និងចិន។ មួយវិញទៀត សមយុទ្ធនេះក៏ធ្វើឡើងក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរដើម្បីបង្កើនសមត្ថភាពឆ្លើយតបរបស់កងយោធពលខេមរភូមិន្ទក្នុងការ ការពារអធិបតេយ្យភាព បូរណភាព និងសណ្តាប់ធ្នាប់សង្គមក៏ដូចជាការរួមចំណែកដល់បេសកកម្មរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ទោះយ៉ាងណា លោកស្រីម៉ាលី សុជាតានៅមិនទាន់អាចផ្តល់ព័ត៌មានលំអិតស្តីពីទំហំនៃការធ្វើសមយុទ្ធលើកនេះនៅឡើយទេ។ គួររំលឹកថា កម្ពុជា និងចិន បានផ្តើមធ្វើលំហាត់យោធារួមគ្នាជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៦ ខណៈកម្ពុជាបានសម្រេចផ្អាកធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៧។ សមយុទ្ធយោធានាគមាសរវាងកម្ពុជា និងចិន ត្រូវគេសង្កេតឃើញមានទ្រង់ទ្រាយកាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ មន្ត្រីយោធាកម្ពុជាធ្លាប់បានអះអាងកន្លងមកថា សមយុទ្ធរវាងកម្ពុជា និងចិន មិនមែនជាការគំរាមកំហែងដល់ប្រទេសណា ឬបុគ្គលណាមួយឡើយ ពោលជាសមយុទ្ធដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពនៃប្រទេសទាំងពីរ និងក៏ដើម្បីពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា៕

ប្រភព៖ RFI

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣