សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងឱ្យកម្មករនិយោជិត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃនៅក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបីទៅកាន់តុលាការអន្តរជាតិ(ICJ)ដើម្បីឱ្យដាច់ស្រេចចំពោះជម្លោះព្រំដែនមួយនេះ។
ក្រោយការប្រកាសពីជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ភ្លាម លោក ឡាយ សំអូន ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅដោះស្រាយនៅតុលាការអន្តរជាតិ ICJ។
លោក លោក ឡាយ សំអូន បានលើកឡើងថា ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់។
សម្រាប់សហជីពរូបនេះ ការដាក់ចេញនូវចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្ត្រីក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការអន្តរជាតិ គឺជាចំណាត់ការដែលប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយគិតបានវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់។
ជាមួយគ្នានេះដែរ លោក ឡាយ សំអូន ក៏សូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូបឱ្យរក្សាភាពស្ងៀមស្ងាត់ និងបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតីជាតិ បូរណភាពទឹកដី ដោយមិនត្រូវរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមតាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា ដោយយើងត្រូវការពារទឹកដីរបស់យើងដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់សហជីពដូច្នេះ គឺក្រោយពេលដែលសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញជំហរក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅក្នុងតុលាការអន្តរជាតិ ICJ៕