ទិវារំលឹកគុណមាតាបិតា បានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងព្រះវិហារជីតឺ សាខាខេត្តកណ្តាល ក្រោមអធិបតីភាពលោក លី វិចិត្រ ប្រធានគណៈកម្មការនៃព្រះវិហារជីតឺ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈកម្មការ សមាជិក សមាជិកា នៃព្រះវិហារជីតឺ រួមនិង ឪពុកម្តាយ អាណាព្យាបាលសិស្សានុសិស្ស ជាច្រើនរូបផងដែរ។
ពិធីរំលឹកគុណមាតាបិតា នេះ គឺបង្កើតដើម្បីក្នុងគោលបំណង ឲ្យសិស្សានុសិស្សយល់ដឹង អំពីគុណូបការៈរបស់អ្នកមានគុណរបស់ខ្លួន មានដូចជា៖ ឪពុកម្តាយ អាណាព្យាបាល និងគ្រូបង្រៀនជាដើម ដែលលោកតែងតែខិតខំធ្វើ យ៉ាងណាដើម្បីឲ្យកូនៗរបស់គាត់ ខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងល្អ មានសុជីវធម៌ល្អក្នុងសង្គម និងយល់ដឹងអំពីគុណរបស់មាតាបិតា ។ នៅក្នុងកម្មវិធីរំលឹកគុណមាតាបិតានេះផងដែរ ក៏មានការសម្តែងរឿងខ្លី និងចម្រៀង ទាក់ទងគុណឪពុកម្តាយ និងកូនកត្តញូចំពោះអ្នកមានគុណផង ដោយមានការសម្ដែងនេះ សុទ្ធសឹងជាសិស្សានុសិស្ស នៃព្រះវិហារជឺតឺតែម្ដង។
ជាពិសេសកម្មវិធីនេះ ក៏មានពិធីកូនៗឡើងជូនផ្កាកូលាបចំពោះឪពុកម្ដាយរបស់ខ្លួន ដើម្បីធ្វើការសុំខមាលាទោស ដែលកូនៗបានធ្វើខុសទាំងកាយវិការ ពាក្យសម្ដី គឺកំហុសឆ្គងផ្សេងៗទៅកាន់ឪពុកម្ដាយកន្លងមក ដោយមានការភ្ញាក់ខ្លួនឡើងវិញ និងសុំសន្យាថាចាប់ពីថ្ងៃនេះតទៅខ្លួននឹងខិតខំរៀនសូត្រមិនឲ្យអ្នកមានគុណលំបាកទៀតហើយ។
លោក លី វិចិត្រ ប្រធានគណៈកម្មការនៃព្រះវិហារជីតឺ បានលើកឡើងថា៖ កម្មវិធីនៅក្នុងថ្ងៃនេះ ពិតជាមានអត្ថន័យជ្រៅជ្រះខ្លាំងណាស់ ហើយអ្វីដែលសំខាន់កម្មវិធីនេះបានបង្ហាញអំពីទេពកុសល្យរបស់សិស្សានុសិស្ស ដែលបានទទួលការរៀនសូត្រនៅក្នុងព្រះវិហារនេះ សបញ្ជាក់ឲ្យឃើញថា សិស្សានុសិស្សមានការយល់ដឹងច្រើន ទាំងចំណេះដឹង សីលធម៌នៃការរស់នៅ សុជីវធម៌ និងការដឹងគុណឪពុកម្តាយ ហើយជាពិសេសនោះ អត្ថន័យទាំងអស់នេះបានបកស្រាយនៅក្នុងរឿងខ្លី មានចំណងជើងថា៖ “កូនខុសហើយ” ។ ក្នុងសាច់រឿងនេះ គឺជាស្នាដៃរបស់លោកគ្រូអ្នកគ្រូ ដែលបានខិតខំសម្រិតសម្រាំងឡើង ដោយបានឆ្លុះបញ្ចាំងទិដ្ឋភាពនៅក្នុងសង្គមបច្ចុប្បន្ន ឃើញថា មានសិស្សានុសិស្សមួយចំនួនខិតខំរៀនសូត្រ និងចេះស្តាប់បង្គាប់ឪពុកម្តាយ ជាកូនល្អ សិស្សល្អ ក៏ប៉ុន្តែមានសិស្សានុសិស្សមួយចំនួន មិនខិតខំរៀនសូត្រ នាំគ្នាគេចសាលា ដើរលេង មិនស្តាប់បង្គាប់ឪពុកម្តាយ ដែលកំពុងបង្កបញ្ហាដល់សង្គម និងធ្វើឲ្យឪពុកម្តាយពិបាកចិត្តជាខ្លាំង ។ ដូច្នេះហើយកម្មវិធីរំលឹកគុណឪពុកម្តាយនេះ គឺបង្កើតឡើងដើម្បីរឹលឹកដល់កូនៗក្មួយៗ មួយចំនួន ត្រូវភ្ញាក់រលឹកឡើងវិញ ត្រូវខិតខំរៀនសូត្រដើម្បីទទួលបានចំណេះដឹងល្អក្នុងការជួយខ្លួនឯងមានអនាគតល្អ ជួយគ្រួសាររបស់ខ្លួន និងត្រូវចេះតបស្នងសងគុណឪពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ចេះស្រឡាញ់រាប់អានមិត្តភក្តិល្អៗ និងមានសុជីវធម៌ល្អក្នុងសង្គម។
សូមបញ្ជាក់ថា នៅព្រះវិហារជឺតឺ មិនត្រឹមតែបង្រៀនភាសាចិន ដោយឥតគិតថ្លៃនោះទេ ថែមទាំងបង្រៀនសិស្សានុសិស្សឲ្យស្គាល់អំពើល្អ មានសីលធម៌ល្អ សុជីវធម៌ តម្លៃនៃគុណធម៌ ការចេះប្រាស្រ័យទាក់ទងគ្នា និងជាពិសេសនោះ គឺការដឹងគុណដល់អ្នកមានគុណ ជាដើម ៕