កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ លោក ចឹក បូរិន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ រួមជាមួយលោក អភិបាលស្រុកបសេដ្ឋ ក្រុមការងារស្រុក-ឃុំ និង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីធ្វើការងារនៅប្រទេសថៃ សរុប ១០០នាក់ ស្រី ៤២នាក់។
បន្ទាប់ពីកិច្ចសំណេះសំណាលសួរសុខទុក្ខរបស់លោកអភិបាលស្រុករួចមក លោក ចឹក បូរិន បានមានប្រសាសន៍ថា៖ ក្នុងនាមមន្ទីរជំនាញបានធ្វើការផ្សព្វផ្សាយពីឱកាសការងារនៅក្នុងខេត្តកំពង់ស្ពឺ ការផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើន កិច្ចគាំពារសង្គមរបស់រាជរដ្ឋាភិបាលជូនដល់ កម្មករនិយោជិត តាមរយៈ បសស និងការបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈ។ ជាពិសេសទៅទៀតនោះ គឺយើងបានអញ្ជើញតំណាងរោងចក្រ សហគ្រាស ចំនួន ៥ ព្រមទាំងក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ប៉េង ហួត ចូលរួមផងដែរ។ រោងចក្រ សហគ្រាស និងក្រុមហ៊ុនសាងសង់លំនៅដ្ឋានខាងលើនេះ មានតម្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ហើយនៅជិតផ្ទះបងប្អូនទៀតផង ហើយរោងចក្រ សហគ្រាស ព្រមទាំងក្រុមហ៊ុនសាងសង់ខាងលើ បានជម្រាបជូនអំពីអត្ថប្រយោជន៍ផ្សេងៗ និងលក្ខខណ្ឌការងារល្អៗ ប្រសើជាងច្បាប់ជាច្រើន។
បន្ទាប់ពីបញ្ចប់ការសំណេះសំណាល និងផ្សព្វផ្សាយឱកាសការងាររួចមក រោងចក្រ សហគ្រាស និងក្រុមហ៊ុនសាងសង់ខាងលើ បានធ្វើការសម្ភាសន៍ នឹងយល់ព្រមទទួលយកបងប្អូនចូលធ្វើការងារទាំងអស់គ្នាទៅតាមជម្រើសរបស់បងប្អូនផ្ទាល់។ ចំពោះមុខ អជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ច បានត្រៀមខ្លួនរួចរាល់ក្នុងជួយរៀបចំឯកសារផ្សេងៗជូនបងប្អូន ក្នុងករណីមានការបាត់បង់។
ចំពោះបងប្អូនប្រជាពលរដ្ឋវិញ គឺបានបង្ហាញអារម្មណ៍កក់ក្តៅសប្បាយរីករាយចំពោះ រាជរដ្ឋាភិបាល ដែលបានចាត់ឱ្យ អាជ្ញាធរស្រុក ឃុំ ក្រសួង មន្ទីរជំនាញ ចុះសួរសុខទុក្ខ នឹងផ្តល់ការងារធ្វើទាន់ពេលវេលា ព្រមទាំងសម្រួលការងារឲ្យជាច្រើន។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះ អ្នកទើបមកដល់ស្រុកកំណើត គឺបានចូលធ្វើការងារជាបណ្តើរៗហើយ៕