តាកែវ៖ ពិធីរំលឹកគុណមាតាបិតា បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងព្រះវិហារជីតឺ សាខាខេត្តតាកែវ ក្រោមអធិបតីភាពលោក លី វិចិត្រ ប្រធានគណៈកម្មការនៃព្រះវិហារជីតឺសាខាខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈកម្មការ សមាជិក សមាជិកា នៃព្រះវិហារជីតឺ រួមនិង ឪពុកម្តាយ អាណាព្យាបាលស្សានុសិស្ស ជាច្រើនរូបផងដែរ។
ពិធីរំលឹកគុណមាតាបិតា នេះ គឺបង្កើតដើម្បីក្នុងគោលបំណង ឲ្យសិស្សានុសិស្សយល់ដឹង អំពីគុណូបការៈរបស់អ្នកមានគុណរបស់ខ្លួន មានដូចជា៖ ឪពុកម្តាយ អាណាព្យាបាល និងគ្រូបង្រៀនជាដើម ដែលលោកតែងតែខិតខំធ្វើ យ៉ាងណាដើម្បីឲ្យកូនៗរបស់គាត់ ខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងល្អ មានសុជីវធម៌ល្អក្នុងសង្គម និងយល់ដឹងអំពីគុណរបស់មាតាបិតា ។ នៅក្នុងកម្មវិធីរំលឹកគុណមាតាបិតានេះផងដែរ ក៏មានការសម្តែងរឿងខ្លី និងចម្រៀង ទាក់ទងគុណឪពុកម្តាយ និងកូនកត្តញូចំពោះអ្នកមានគុណផងដែរ។ ជាពិសេសកម្មវិធីនេះ ក៏មានពិធីកូនៗឡើងជូនផ្កាកូលាបចំពោះអ្នកមានគុណរបស់ខ្លួន ដើម្បីធ្វើការសុំខមាលាទោស ដែលកូនៗបានធ្វើខុសទាំងកាយវិការ ពាក្យសម្ដី គឺកំហុសឆ្គងផ្សេងៗទៅកាន់ពួកគាត់កន្លងមក ។
លោក លី វិចិត្រ ប្រធានគណៈកម្មការនៃព្រះវិហារជីតឺ បានលើកឡើងថា៖ កម្មវិធីនៅក្នុងថ្ងៃនេះ ពិតជាមានអត្ថន័យជ្រៅជ្រះវិសេសវិសាលខ្លាំងណាស់ ក្នុងការឆ្លុះបញ្ចាំងអំពីសង្គមបច្ចុប្បន្នឃើញថាមានក្មួយៗមួយចំនួនកំពុងតែដើរផ្លូវខុស ប្រព្រឹត្តអំពើខុសឆ្គង ឈ្លក់វង្វេងនឹងល្បែងហ្គេមអនឡាញ នាំគ្នាដើរលេងអាវ៉ាសែ និងជក់គ្រឿងញៀនជាដើម ដោយមិនស្តាប់ដំបូន្មានឪពុកម្តាយ ធ្វើឲ្យអ្នកមានគុណពិបាកចិត្តជាខ្លាំង។ ព្រោះហេតុដូច្នេះហើយ ទើបវិហារជីតឺសាខាខេត្តតាកែវ បានបង្កើតកម្មវិធីរំលឹកគុណឪពុកម្តាយជារៀងរាល់ឆ្នាំដើម្បីដាស់ស្មារតីក្មួយៗមួយចំនួនដែលកំពុងដើរផ្លូវខុស ឲ្យភ្ញាក់ខ្លួនឡើងវិញ ចាប់ផ្តើមកាន់សៀវភៅប៊ិចឡើងវិញ ត្រូវខិតខំរៀនសូត្រ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជា យល់ដឹងពីសីលធម៌នៃការរស់នៅ សុជីវធម៌ និងត្រូវចេះតបស្នងសងគុណឪពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ចេះស្រឡាញ់រាប់អានមិត្តភក្តិល្អៗ និងមានសុជីវធម៌ល្អក្នុងសង្គម។ ហើយជាពិសេសនោះ អត្ថន័យទាំងអស់នេះបានបកស្រាយនៅក្នុងរឿងខ្លី មានចំណងជើងថា៖ “កូនខុសហើយ” ។
សូមបញ្ជាក់ថា នៅព្រះវិហារជឺតឺ មិនត្រឹមតែបង្រៀនភាសាចិន ដោយឥតគិតថ្លៃនោះទេ ថែមទាំងបង្រៀនសិស្សានុសិស្សឲ្យស្គាល់អំពើល្អ មានសីលធម៌ល្អ សុជីវធម៌ តម្លៃនៃគុណធម៌ ការចេះប្រាស្រ័យទាក់ទងគ្នា និងជាពិសេសនោះ គឺការដឹងគុណដល់អ្នកមានគុណ ជាដើម ៕