មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ៥លានរៀល ដល់កងទ័ពជួរមុខនិងជនភៀសសឹក តាមរយៈរដ្ឋបាលខេត្តកំពង់ស្ពឺ
១០ សីហា ២០២៥
image

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះ មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ដឹកនាំដោយ លោក លី វិចិត្រ ប្រធានមូលនិធិ និងជាប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា រួមនិងក្រុមការងារ បានឧបត្ថម្ភគ្រឿង ឧបភោគបរិភោគ និងថវិកា មួយចំនួនជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយស្មារតីមុះមុត ស្នេហាជាតិមាតុភូមិ និងជនភៀសសឹកដែលបានជម្លៀសខ្លួនមកកាន់កន្លែងសុវត្ថិភាព ។

លោក លី វិចិត្រ ប្រធានមូលនិធីសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានជម្រាបជូនឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថា៖ គ្រឿងឧបភោគបរិភោគ រួមនិងថវិកាទាំងអស់នេះគឺជា ការចូលរួមចំណែកដោយសុច្ចចិត្ត របស់សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស រួមនិងបងប្អូនកម្មករ និយោជិតទាំងអស់ ។

លោក លី វិចិត្រ បានឲ្យដឹងទៀតថា៖ ទាំងនេះគឺជាទឹកចិត្តរបស់ពួកគាត់ ដើម្បីរួបរួមសាមគ្គីគ្នា ខ្មែរតែមួយ ត្រូវចេះជួយគ្នា ជាពិសេសជំនួយទាំងនេះទោះបីជាមិនច្រើនពិតមែន តែអាចជួយសម្រួលដល់ទុក្ខលំបាកខ្លះៗចំពោះវីរៈកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹក ដោយសារសង្រ្គាមឈ្លានពានថៃមកលើទឹកដីខ្មែរ ដោយសេចក្តីអាណិត ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក លី វិចិត្រ ក្នុងនាមជាប្រធានមូលនិធិផង និងជាប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជាផង បានសុំមតិយោបល់ណែនាំបន្ថែម ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ចំពោះការជួយសម្រួលស្វែងរកការងារជួយដល់បងប្អូនពលករខ្មែរចំណាកស្រុក ដែលបច្ចុប្បន្នពួកគាត់បាននាំគ្នាវិលត្រលប់ពីប្រទេសថៃ មកមាតុភូមិយើងវិញ និងកំពុងស្វែងរការងារធ្វើនៅក្នុងប្រទេសកម្ពុជាយើង ខណៈក្នុងខេត្តកំពង់ស្ពឺ កំពុងត្រូវការ កម្មករ-និយោជិត ជាច្រើនម៉ឺននាក់ មកបម្រើការងារនៅតាមរោងចក្រ សហគ្រាសនានា។

ក្នុងឱកាសសំណេះសំណាលគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវសេចក្តីត្រេកអរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះមូលនិធីសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ និងជាពិសេសឯកឧត្តមបានផ្តាំផ្ញើរសួរសុខទុក្ខ និងសូមអរគុណដល់សប្បុរសជនទាំងអស់ រួមទាំងម្ចាស់រោចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិត ដែលមានទឹកចិត្តអាណិតស្រឡាញ់ និងរួបរួមសាមគ្គីគ្នាឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ និងជនភៀសសឹកដែលបានជម្លៀសខ្លួនមកកាន់កន្លែងសុវត្ថិភាព ។

ពាក់ព័ន្ធទៅនិងបងប្អូនពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ស្ពឺ បានកំពុងខិតខំយកចិត្តទុកដាក់ និងជួយសម្របសម្រួលការងារដល់ពួកគាត់ទៅតាមរោងចក្រសហគ្រាសផ្សេងៗនៅក្នុងខេត្តកំពង់ស្ពឺ ហើយថ្មីៗនេះ ក្រុមការងារថ្នាក់ខេត្តក៏បានធ្វើកិច្ចសហការជាមួយក្រសួងការងារ ក៏ដូចជាមន្ទីរពាក់ព័ន្ធផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់ងាយស្រួល ក្នុងការស្វែងរកការងារធ្វើ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្តក៏បានអរគុណ និងគាំទ្រយ៉ាងពេញទំហឹងដល់លោក លី វិចិត្រ ដែលបានយកចិត្តទុកដាក់ចំពោះការងារនេះ ព្រោះជាការរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យការងារក្នុងប្រទេសយើងឲ្យកាន់តែល្អប្រសើរ និង រីកចំរើនជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិត ក៏បានជម្រុញគាំទ្របន្ថែម ដល់កិច្ចខិតខំប្រឹងប្រែងរបស់ លោក លី វិចិត្រ ក្នុងនាមជាប្រធានសហភាពសហជីព និងក្រុមការងាររបស់លោក ចំពោះកិច្ចការជួយសម្រួល និងជួយស្វែងរកការងារដល់បងប្អូនខ្មែរយើង បន្តទៀតផងដែរ។

ជាចុងក្រោយក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ចម្រុងចម្រើនជានិច្ចនិរន្តរ៍ និងសូមសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភទាំងអស់រួមមាន៖ អង្គរ១តោន,  មីជាតិ១០០កេស, ទឹកត្រី ១០០យួរ, ទឹកស៊ីអ៊ីវ ១០០យួរ, ទឹកសុទ្ធ ១០០កេស និងថវិកាចំនួន ៥លាន រៀល ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣