ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នេះ លោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់បងប្អូនវីរៈកងទ័ពជួរមុខ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ។
ក្នុងឱកាសសំណេះសំណាលនេះ លោក លី វិចិត្រ បានមានប្រសាសន៍ថ្លែអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្មារតីមោះមុត ស្នេហាជាតិ របស់បងប្អូនកងទ័ពខ្មែរយើងទាំងអស់ ជាពិសេសគឺបងប្អូនកងទ័ពជួរមុខ ដែលជាសមរភូមិក្តៅ និងគ្រោះថ្នាក់ខ្លាំងជាងគេ ប៉ុន្តែទោះបីជាមានឧសគ្គនៅចំពោះមុខខ្លាំងប៉ុណ្ណាក៏បងប្អូនកងទ័ពខ្មែរយើងមិនរាថយចុះញមនិងសត្រូវដាច់ខាត និងសុខចិត្ត ពលីជីវិតដើម្បីជាតិមាតុភូមិ មិនឲ្យសត្រូវសៀមឈ្លានពានលើទឹកដីខ្មែរសូម្បី១ជំហាន ដាច់ខាត ។ លោក លី វិចិត្រ បន្តថា ការលះបង់ដ៏ធំធេងនេះ ប្រជាជាតិខ្មែរគ្រប់រូបចងចាំជានិច្ច និង រួបរួមកម្លាំងសាមគ្គីគ្នាទូទាំងប្រទេស ដើម្បីតទល់ជាមួយចោរឈ្លានពានសៀម ជាមួយនិងបងប្អូនកងទ័ពខ្មែរយើងផងដែរ។ លោកបន្ថែមថា បងប្អូនកងទ័ពជាជួរមុខ ចំណែកប្រជាជនខ្មែរគ្រប់រូបជាជួរក្រោយ ក្នុងការជួយផ្តល់កម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ជាពិសេសឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេសបាននាំគ្នាខិតខំអស់ពីកម្លាំងកាយចិត្ត ទាំងការជួយឧបត្ថម្ភដូចជា៖ មធ្យោបាយធ្វើដំណើរ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ការជួយជាថវិការ ដល់កងទ័ពយើង ហើយជាពិសេសទៀតនោះ បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏បានរួបរួមគ្នាជាកម្លាំងចលករមួយ ក្នុងការធ្វើបាតុកម្មនៅតាមប្រទេសនានា ដើម្បីឲ្យព័ត៌មាននេះបានដឹងឮ និងជ្រាបដល់បរទេស ក៏ដូចជាសូមឲ្យប្រទេសមហាអំណាច ជួយអន្តរាគមន៍ និងធ្វើការព្រមានដល់ប្រទេសថៃឲ្យបញ្ឈប់ការធ្វើសង្រ្គាមឈ្លានពានលើទឹកដីកម្ពុជា ដែលបង្កឲ្យមានការរបួសស្លាប់ដល់ទាហ៊ានទាំងសងខាង ជាពិសេសគឺប្រជាពលរដ្ឋខ្មែររស់នៅក្បែរនោះដែលពួកគាត់រងគ្រោះដោយសារសង្រ្គាម ត្រូវបង្ខំឲ្យពួកគាត់ភៀសខ្លួន ចាកចោលផ្ទះសំបែងគួរឲ្យសង្វែកណាស់។
ជាចុងក្រោយក្នុងនាមជាប្រធានមូលនិធិ លោក លី វិចិត្រ សូមថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះស្មារតីមោះមុត ស្នេហាជាតិរបស់បងប្អូនកងទ័ព លោក និងក្រុមការងារសូមជូនពរដល់ពួកគាត់ឆាប់ជាសះស្បើយ និងសូមសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
បន្ទាប់ពីសួរសុខទុក្ខ និងសំណេះសំណាលរួច ក្រុមការងារមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ក៏មានជំនួយមួយចំនួនឧបត្ថម្ភដល់បងប្អូនកងទ័ពយើងសរុបចំនួន ១៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី១កេស ទឹកផ្លែឈើ ១កេស និងថវិកា ១០ម៉ឺន រៀល៕